ព្រះត្រៃបិដក ភាគ ១៧
[៥៨] ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅគាល់ក្សត្រទាំង៦អង្គនោះ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលក្សត្រទាំង៦អង្គនោះ យ៉ាងនេះថា បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន ព្រះបាទទិសម្បតិ ទ្រង់ព្រះជរាចាស់គ្រាំគ្រា ទ្រង់ព្រះជន្មមកយូរឆ្នាំហើយ មានព្រះជន្ម ក៏ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គម្ចាស់ដ៏ចំរើន នរណាហ្ន៎ នឹងដឹងនូវជីវិតបាន កាលបើព្រះបាទទិសម្បតិ ទ្រង់ទិវង្គតទៅ ពួកអ្នករាជការ គប្បីអភិសេករេណុរាជបុត្រ ក្នុងរាជសម្បត្តិ ហេតុនេះ រមែងមាន សូមព្រះអង្គម្ចាស់ទាំងឡាយដ៏ចំរើន ស្តេចមក សូមព្រះអង្គម្ចាស់ទាំងឡាយ ទៅគាល់ព្រះរេណុរាជបុត្រ លុះចូលទៅដល់ហើយ ត្រូវថ្លែងសេចក្តីចំពោះព្រះរេណុរាជបុត្រ យ៉ាងនេះថា ពួកយើងជាសំឡាញ់ ជាទីស្រឡាញ់ ជាទីពេញចិត្ត មិនជាទីខ្ពើមរអើម នៃព្រះរេណុរាជបុត្រដ៏ចំរើន ព្រះអង្គដ៏ចំរើន មានសុខយ៉ាងណា ពួកយើងមានសុខយ៉ាងនោះ ព្រះអង្គដ៏ចំរើនមានទុក្ខ យ៉ាងណា ពួកយើងមានទុក្ខយ៉ាងនោះ
ID: 636816205337347163
ទៅកាន់ទំព័រ៖