ព្រះត្រៃបិដក ភាគ ១៧
ពួកក្សត្រទាំង៦អង្គ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ ល្មមនឹងចែកមហាប្រឹថពីនេះ ដែលមានបណ្តោយទៅខាងទិសឧត្តរ មានមុខដូចជាមុខរទេះ ទៅខាងទិសទក្សិណ ឲ្យមានចំណែកស្មើគ្នា ជា៧ភាគបាន។ ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលអ្នកដ៏ចំរើន វៀរលែងតែមហាគោវិន្ទព្រាហ្មណ៍ចេញ អ្នកដទៃណាហ្ន៎ ល្មមនឹងចែកបាន។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ព្រះបាទរេណុ មានព្រះរាជឱង្ការហៅបុរសម្នាក់មកថា ម្នាលអ្នកដ៏ចំរើន ឯងចូរមកនេះ ឯងចូរទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ ចូរជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មានព្រះរាជឱង្ការឲ្យហៅលោក។ ម្នាលអ្នកដ៏ចំរើន បុរសនោះ ទទួលព្រះរាជឱង្ការ នៃព្រះបាទរេណុថា បពិត្រព្រះសម្មតិទេព ព្រះកុរណាវិសេស ហើយចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានជំរាបមហាគោវិន្ទព្រាហ្មណ៍ យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះបាទរេណុ មានព្រះរាជឱង្ការឲ្យហៅលោក។ ម្នាលអ្នកដ៏ចំរើន មហាគោវិន្ទព្រាហ្មណ៍ ទទួលពាក្យរបស់បុរសនោះថា អើអ្នកដ៏ចំរើន
ID: 636816206300992281
ទៅកាន់ទំព័រ៖