ព្រះត្រៃបិដក ភាគ ១៧
បុគ្គលអ្នកបៀតបៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ ប៉ុន្តែខ្ញុំព្រះអង្គ បានស្តាប់ពាក្យរបស់អមនុស្សហើយ ហេតុនោះ បានជាខ្ញុំព្រះអង្គ មិនត្រេកអរក្នុងផ្ទះទេ។
ព្រះបាទរេណុ ទ្រង់ត្រាស់ថា អមនុស្សមានភេទដូចម្តេច បាននិយាយសេចក្តីដូចម្តេចនឹងអ្នក ដែលអ្នកបានស្តាប់ហើយ នឹងលះបង់នូវផ្ទះទាំងឡាយ របស់យើងផង នូវយើងផង នូវជនទាំងអស់ផង។
មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កាលពីដើម ខ្ញុំព្រះអង្គ ចូលទៅពួនសម្ងំនៅតែម្នាក់ឯង កាលដែលខ្ញុំព្រះអង្គប្រាថ្នា ដើម្បីបូជាយ័ញ្ញ ខ្ញុំព្រះអង្គ ក៏ប្រមូលស្បូវ និងស្លឹកឈើ មកគរបង្កាត់ភ្លើងឲ្យឆេះឡើង។ លំដាប់នោះ ស្រាប់តែសនង្កុមារព្រហ្ម មកអំពីព្រហ្មលោក ប្រាកដ (នៅមុខ) ខ្ញុំព្រះអង្គ ព្រហ្មនោះ បានដោះស្រាយប្រស្នានឹងខ្ញុំព្រះអង្គ ឯខ្ញុំព្រះអង្គ ក៏បានស្តាប់នូវសេចក្តីនោះហើយ ទើបលែងត្រេកអរក្នុងផ្ទះ។
ព្រះបាទរេណុ មានព្រះរាជឱង្ការថា ម្នាលគោវិន្ទ អ្នកនិយាយពាក្យណា យើងក៏ជឿពាក្យនោះ
ID: 636816211831558611
ទៅកាន់ទំព័រ៖