ព្រះត្រៃបិដក ភាគ ១៧
ព្រះអង្គប្រាថ្នា ដើម្បីនឹងចេញចាកផ្ទះ ទៅបួស ដ្បិតខ្ញុំព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ បពិត្រព្រះអង្គ ខ្ញុំព្រះអង្គ នឹងចេញចាកផ្ទះ ទៅបួស។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង ពួកក្សត្រទាំង៦អង្គនោះ ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយគិតព្រមគ្នាថា ធម្មតាពួកព្រាហ្មណ៍ទាំងនេះ ជាបុគ្គលល្មោភនឹងទ្រព្យ បើដូច្នោះ គួរយើងល្បួងមហាគោវិន្ទព្រាហ្មណ៍ដោយទ្រព្យ។ ក្សត្រទាំង៦អង្គនោះ ក៏ចូលទៅរកមហាគោវិន្ទព្រាហ្មណ៍ ហើយថ្លែងសេចក្តីយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន សម្បត្តិក្នុងរាជ្យទាំង៧នេះ មានច្រើន ព្រោះហេតុនោះ អ្នកដ៏ចំរើនត្រូវការដោយសម្បត្តិប៉ុន្មាន ចូរយកសម្បត្តិប៉ុណ្ណោះចុះ។ មហាគោវិន្ទព្រាហ្មណ៍ ក្រាបទូលថា កុំឡើយព្រះអង្គ សម្បត្តិរបស់ខ្ញុំព្រះអង្គនេះ បរិបូណ៌ហើយ ជាសម្បត្តិដែលព្រះអង្គដ៏ចំរើនទាំងឡាយប្រទានឲ្យ ខ្ញុំព្រះអង្គ លះចោលសម្បត្តិទាំងអស់ ហើយនឹងចេញចាកផ្ទះទៅបួស តាមពាក្យដែលខ្ញុំព្រះអង្គបានឮព្រហ្មនិយាយអំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ
ID: 636816212414011925
ទៅកាន់ទំព័រ៖