ព្រះត្រៃបិដក ភាគ ១៧

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ក្សត្រ​ទាំង៦អង្គ​នោះ​ ​ចៀសចេញ​ទៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ហើយ​គិត​ព្រមគ្នា​ ​យ៉ាងនេះ​ថា​ ​ធម្មតា​ពួក​ព្រាហ្មណ៍​ទាំងនេះ​ ​ជា​បុគ្គល​ល្មោភ​នឹង​ស្រ្តី​ ​បើ​ដូច្នោះ​ ​គួរ​យើង​លួងលោម​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ដោយ​ពួក​ស្ត្រី​។​ ​ក្សត្រ​ទាំង៦អង្គ​នោះ​ ​ចូល​ទៅ​រកម​ហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ហើយ​ថ្លែង​សេចក្តី​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ពួក​ស្ត្រី​ក្នុង​រាជ្យ​ទាំង៧នេះ​ ​មាន​ច្រើន​ ​ព្រោះហេតុនោះ​ ​អ្នក​ដ៏​ចំរើន​ត្រូវការ​ដោយ​ពួក​ស្ត្រី​ប៉ុន្មាន​នាក់​ ​ចូរ​នាំ​យក​ពួក​ស្ត្រី​ប៉ុណ្ណោះ​ចុះ​។​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ក្រាបទូល​ថា​ ​កុំឡើយ​ព្រះអង្គ​ ​អម្បាលដូច​ជា​ភរិយា​ទាំង៤០នាក់​ ​របស់ខ្ញុំ​ព្រះអង្គ​នេះ​ ​សុទ្ធតែ​មាន​ជាតិ​ ​និង​ត្រកូល​ស្មើគ្នា​ ​(​ម្តេច​ក៏​)​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​លះ​ចោល​ភរិយា​ទាំងអស់​នោះ​ ​ហើយ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​តាមដែល​ខ្ញុំ​ព្រះអង្គ​បានឮ​ព្រហ្ម​និយាយ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​តែថា​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បានទេ​ ​បពិត្រ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​។​ ​ក្សត្រ​ទាំង៦អង្គ​ត្រាស់​ថា​ ​បើ​គោ​វិន្ទ​ព្រាហ្មណ៍​ដ៏​ចំរើន​ ​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ ​ពួក​យើង​ក៏​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ដែរ​ ​បើ​គតិ​របស់​អ្នក​ ​យ៉ាងណា​ ​គតិ​របស់​ពួក​យើង​ ​ក៏​យ៉ាងនោះ​ដែរ​។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636816212653825642
ទៅកាន់ទំព័រ៖