ព្រះត្រៃបិដក ភាគ ១៧

ម្នាល​អ្នក​ទាំងឡាយ​ ​ឥឡូវនេះ​ ​ខ្ញុំ​ដូចជា​ស្តេច​ ​របស់​ស្តេច​ទាំងឡាយ​ ​ឬដូច​ជា​ព្រហ្ម​ ​របស់​ព្រាហ្មណ៍​ទាំងឡាយ​ ​ដូចជា​ទេវតា​ ​របស់​គហបតី​ទាំងឡាយ​ ​ខ្ញុំ​នឹង​លះបង់​នូវ​ភាវៈ​ជាធំ​នោះ​ទាំងអស់​ ​ហើយ​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​តាមដែល​ខ្ញុំ​បានឮ​ព្រហ្ម​និយាយ​ ​អំពី​ក្លិន​ពុល​ទាំងឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​ម្នាល​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ខ្ញុំ​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​។​ ​ពួក​ព្រាហ្មណ​មហាសាល​ទាំងនោះ​ ​ឆ្លើយតប​ថា​ ​បើ​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ ​យើង​ទាំងឡាយ​ ​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ដែរ​ ​បើ​គតិ​របស់​អ្នក​យ៉ាងណា​ ​គតិ​របស់​ពួក​យើង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​គ្រានោះ​ ​មហា​គោ​វិន្ទ​ព្រាហ្មណ៍​ ​ចូល​ទៅ​រក​ភរិយា​ទាំង៤០នាក់​ ​ដែល​មាន​ជាតិ​ ​និង​ត្រកូល​ស្មើគ្នា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​នឹង​ភរិយា​ទាំង៤០នាក់​ ​ដែល​មាន​ជាតិ​ ​និង​ត្រកូល​ស្មើគ្នា​ ​យ៉ាងនេះ​ថា​ ​ម្នាលនាង​ដ៏​ចំរើន​ ​នាង​ណា​ចង់ទៅ​ ​នាង​នោះ​ ​ចូរ​ទៅកាន់​ត្រកូល​ញាតិ​ទាំងឡាយ​របស់​ខ្លួន​ចុះ​ ​ឬ​ចូរ​រក​ភស្តា​ដទៃទៀត​ចុះ​ ​នែនាង​ដ៏​ចំរើន​ ​អញ​ប្រាថ្នា​នឹង​ចេញ​ចាក​ផ្ទះ​ទៅ​បួស​ ​ព្រោះ​អញ​ ​បានឮ​ព្រហ្ម​និយាយ​អំពី​ក្លិន​ពុល​ទំាង​ឡាយ​ហើយ​ ​ក្លិន​ពុល​ទាំងនោះ​ ​បុគ្គល​នៅ​គ្រប់គ្រង​ផ្ទះ​ ​មិន​ងាយ​នឹង​លះបង់​បាន​ឡើយ​ ​ហៃ​នាង​ដ៏​ចំរើន​ ​អញ​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​។​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636816214131890182
ទៅកាន់ទំព័រ៖