ព្រះត្រៃបិដក ភាគ ១៧
តែក្ស័យសំយោជនៈទាំង៣ និងស្រាលស្តើងរាគៈ ទោសៈ មោហៈ ជាសកទាគាមិបុគ្គល ត្រូវត្រឡប់មកកាន់លោកនេះម្តងទៀត ទើបធ្វើនូវទីបំផុតទុក្ខបាន។ ពួកសាវ័កណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅដោយសព្វគ្រប់ ពួកខ្លះ គ្រាន់តែក្ស័យសំយោជនៈ៣ ជាសោតាបន្នបុគ្គល មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀងតែនឹងបានត្រាស់ដឹង នូវធម៌តទៅមុខ។ ម្នាលបញ្ចសិខៈ បព្វជ្ជារបស់កុលបុត្រទាំងអស់គ្នានេះ មិនសោះសូន្យ មិនប្រកបដោយទោសទេ ប្រកបតែដោយផល ប្រកបតែដោយសេចក្តីចំរើន ដោយប្រការដូច្នេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងព្រះសូត្រនេះចប់ហើយ។ បញ្ចសិខគន្ធព្វបុត្រ ក៏ពេញចិត្ត ត្រេកអរ អនុមោទនា ចំពោះភាសិត របស់ព្រះមានព្រះភាគ ហើយថ្វាយបង្គំលា ព្រះមានព្រះភាគ ដើរប្រទក្សិណ ក៏បាត់ចាកទីនោះទៅ។
ចប់ មហាគោវិន្ទសូត្រ ទី៦។
ID: 636816215902361448
ទៅកាន់ទំព័រ៖