ព្រះត្រៃបិដក ភាគ ១៧
មហាសមយសូត្រ ទី៧
[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាវ័ន
(១) ជិតក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវព្រះមានព្រះភាគ និងភិក្ខុសង្ឃ។ គ្រានោះឯង ទេវតាទាំងលាយ ដែលនៅក្នុងជាន់សុទ្ធាវាស
(២) ៤អង្គ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះមានព្រះភាគនេះ ព្រះអង្គគង់នៅក្នុងមហាវ័ន ជិតក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប សុទ្ធតែជាព្រះអរហន្តទាំងអស់។ ទេវតាទាំងឡាយ ក៏មកអំពីលោកធាតុទាំង១០ ប្រជុំគ្នាជាច្រើន ដើម្បីឃើញនូវព្រះមានព្រះភាគ និងភិក្ខុសង្ឃ បើដូច្នោះ គួរយើងទាំងអស់គ្នា ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ គប្បីពោលនូវគាថាមួយម្នាក់ៗ ក្នុងសំណាក់នៃព្រះមានព្រះភាគ។
(១) ព្រៃធំ ជាព្រៃដុះឯង ជាប់ទាក់ទងតគ្នាមកពីព្រៃហេមវន្ត។ (២) ព្រហ្មលោក៥ជាន់ គឺអវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋកា ជាទីនៅនៃព្រះអនាគាមី និងព្រះអនាគាមី ដែលបានសម្រេចជាព្រះខីណាស្រពក្នុងទីនោះ ជាអ្នកបរិសុទ្ធ ហៅថា សុទ្ធាវាស។
ID: 636816216344596742
ទៅកាន់ទំព័រ៖