ព្រះត្រៃបិដក ភាគ ១៧
[៨១] ពួកទាសៈនៃមហារាជទាំង៤ព្រះអង្គនោះ គឺកុដេណ្ឌុ១ វេដេណ្ឌុ១ វិដូ១ វិដូដៈ១ ចន្ទនៈ១ កាមសដ្ឋៈ១ កិន្នុឃណ្ឌុ១ និឃណ្ឌុ១ សុទ្ធតែជាអ្នកមានមាយា ជាអ្នកល្បួងបញ្ឆោត ជាអ្នកអួតអាង តែងធ្វើនូវមាយាមកជាមួយគ្នាដែរ។ ទាំងទេវរាជអម្បាលនេះ គឺបនាទៈ១ ឱបមញ្ញៈ១ ទេវសូត១ មាតលី១ ចិត្តគន្ធព្វ១ សេនគន្ធព្វ១ នឡោរាជៈ១ ជនោសភៈ១ បញ្ចសិខៈ១ តិម្ពរុ១ នាងសុរិយវច្ឆសា (ជាធីតារបស់តិម្ពរុនោះ)១ ក៏នាំគ្នាមកដែរ។ គន្ធព្វរាជទាំងឡាយនេះផង ពួកដទៃផង ព្រមទាំងទេវរាជទាំងឡាយ មានចិត្តរីករាយ នាំគ្នាមកកាន់មហាវ័ន ជាទីប្រជុំនៃភិក្ខុទាំងឡាយ។
ID: 636816261825538103
ទៅកាន់ទំព័រ៖