ព្រះត្រៃបិដក ភាគ ១៧
គន្ធព្វបុត្តមកថា នែអ្នកបញ្ចសិខៈ ព្រះតថាគតទំាងឡាយ ព្រះអង្គមានឈាន ត្រេកអរក្នុងឈាន ព្រះអង្គសម្ងំនៅ ដោយកម្មដ្ឋានបានភ្លាមៗ (ព្រោះហេតុនោះ) បុគ្គលដូចយ៉ាងយើង ដែលជាអ្នកមានរាគៈ ទោសៈ មោហៈ នឹងចូលទៅគាល់បានដោយលំបាក នែអ្នកបញ្ចសិខៈ បើដូច្នោះ គួរអ្នកធ្វើឲ្យព្រះមានព្រះភាគ ពេញព្រះហឫទ័យ (បើកឱកាសឲ្យ) ជាមុនសិន ម្នាលអ្នក បើអ្នកបានធ្វើឲ្យព្រះអង្គពេញព្រះហឫទ័យជាមុនហើយ សិមយើងទំាងឡាយ ចូលទៅគាល់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ក្នុងកាលជាខាងក្រោយ។ បញ្ចសិខគន្ធព្វបុត្ត ទទួលព្រះរាជឱង្ការ របស់សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយក៏កាន់នូវពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅទៅត្រង់ឥន្ទសាលគុហា លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ ដោយគិតថា ទីត្រឹមប៉ុណ្ណេះ ព្រះមានព្រះភាគគង់នៅ មិនឆ្ងាយពេក មិនជិតពេកអំពីអញ ទំាងព្រះអង្គ ក៏ទ្រង់ឮសំឡេងអញបានផង។ លុះបញ្ចសិខគន្ធព្វបុត្ត ឋិតនៅក្នុង ទីសមគួរហើយ ក៏ចាប់ដេញពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទំាងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ព្រមទំាងប្រកបដោយកាម ថា
ID: 636816266668425100
ទៅកាន់ទំព័រ៖