ព្រះត្រៃបិដក ភាគ ១៧
ពួកទេវតា ទ្រង់ត្រិះរិះយ៉ាងនេះថា បញ្ចសិខគន្ធព្វបុត្ត សាទរជាមួយនឹងព្រះមានព្រះភាគ ទាំងព្រះមានព្រះភាគ ក៏ទ្រង់សាទរជាមួយនឹងបញ្ចសិខគន្ធព្វបុត្ត។ ទើបសក្កទេវរាជ ជាធំជាងពួកទេវតា ត្រាស់ហៅបញ្ចសិខគន្ធព្វបុត្តមកថា នែអ្នកបញ្ចសិខៈ អ្នកចូរទៅថ្វាយបង្គំព្រះមានព្រះភាគ តាមពាក្យរបស់យើងថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមក្រាបថ្វាយបង្គំ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ បញ្ចសិខគន្ធព្វបុត្ត ក៏ទទួលព្រះបន្ទូលសក្កទេវរាជ ជាធំជាងពួកទេវតា ដោយពាក្យថា ព្រះករុណាថ្លៃវិសេស សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ហើយថ្វាយបង្គំព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ សូមក្រាបថ្វាយបង្គំ នូវព្រះបាទទាំងគូ របស់ព្រះមានព្រះភាគដោយត្បូង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ សូមឲ្យសក្កទេវរាជ ជាធំជាងពួកទេវតា ព្រមទាំងអាមាត្យ ព្រមទាំងបរិសទ្យ បានសេចក្តីសុខ តាមសេចក្តីប្រាថ្នាចុះ ព្រោះពួកទេវតា និងមនុស្ស អសុរ នាគ គន្ធព្វ និងសត្វដទៃៗ ជាច្រើនពួក តែងប្រាថ្នាសេចក្តីសុខ។
ID: 636816268658738940
ទៅកាន់ទំព័រ៖