ព្រះត្រៃបិដក ភាគ ១៧

ជាន់​តាវត្តិង្ស​ ​ពួក​ទេវតា​ទាំងអស់​ ​ព្រមទាំង​ព្រះ​ឥន្ទ្រាធិរាជ​ ​និង​ ​ប​ជា​បតិ​ទេវរាជ​ ​បាន​ចូល​ទៅ​ក្នុង​រោង​ ​ឈ្មោះ​សុធម្មា​។​ ​ទេវតា​ទាំងនោះ​ ​លុះ​ប្រជុំ​គ្នា​ហើយ​ ​ក៏​មិន​ប្រព្រឹត្ត​កន្លង​នូវ​ទេវបុត្រ​ទាំងពីរ​នោះ​បាន​ឡើយ​ ​ទេវបុត្រ​ទាំងពីរ​នោះ​ ​ជា​អ្នក​ក្លៀវក្លា​ ​ប្រាសចាក​រាគៈ​ ​ធ្វើ​នូវ​អនាគាមិមគ្គ​ ​ដែល​ប្រាសចាក​ធូលី​ ​វាសវ​ទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បានឃើញ​នូវ​ទេវបុត្រ​ទាំងពីរ​នោះ​ហើយ​ ​ក៏​ធ្វើ​នូវ​សេចក្តី​សង្វេគ​ ​ក្នុង​កណ្តាល​នៃ​ពួក​ទេវតា​ថា​ ​ទេវបុត្រ​ទាំងនេះ​ ​គឺ​ទេវបុត្រ​ ​ដែល​កើត​ក្នុង​ពួក​គន្ធព្វ​ ​ជា​អ្នក​ថោកទាប​នោះ​ឯង​ ​ប្រព្រឹត្ត​កន្លង​នូវ​ពួក​ទេវតា​ ​ដែល​នៅក្នុង​ជាន់​តាវត្តិង្ស​ ​ឯ​គោបក​ទេវបុត្រ​ ​លុះ​បាន​ស្តាប់​ព្រះបន្ទូល​ ​នៃ​វាសវ​ទេវរាជ​ ​ដែល​ទ្រង់​កើត​សេចក្តី​សង្វេគ​ហើយ​ ​ក៏​ក្រាបទូល​វាសវ​ទេវរាជ​ថា​ ​បពិត្រ​ព្រះអង្គ​ ​ជាធំ​ជាង​ជន​ ​ព្រះពុទ្ធ​ទ្រង់​កើត​ក្នុង​មនុស្សលោក​ ​ទ្រង់​គ្រប​សង្កត់​នូវ​កាម​បាន​ ​អ្នកផង​តែង​ស្គាល់​ព្រះនាម​ថា​ ​សក្យមុនី​ ​ទេវបុត្ត​ទាំងពីរ​នោះ​ ​ជា​បុត្រ​របស់​ព្រះអង្គ​ ​សាបសូន្យ​ចាក​ឈាន​សតិ​ ​លុះ​ខ្ញុំ​ព្រះអង្គ​ ​រំលឹក​ដាស់តឿន​ហើយ​ ​ទេវបុត្រ​ទាំងពីរ​អង្គ​នោះ​ ​ក៏​ត្រឡប់​បាន​នូវ​ឈាន​សតិ​វិញ​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636816271781827570
ទៅកាន់ទំព័រ៖