ព្រះត្រៃបិដក ភាគ ១៧
បណ្តាជនទាំង៣នាក់នោះ ជនម្នាក់ អាស្រ័យនៅក្នុងពួកដ៏ថោកទាបនេះ បានចូលទៅរួមក្នុងពួកគន្ធព្វ នៅក្នុងពួកគន្ធព្វនោះ ជនពីរនាក់ទៀត រលឹកឃើញនូវផ្លូវនៃសម្ពោធិញ្ញាណ គឺអនាគាមិមគ្គ ក៏ធុញទ្រាន់នឹងទេវលោក ព្រោះខ្លួនមានចិត្តប្រកបដោយសមាធិ។ កិរិយាប្រកាសនូវធម៌ ក្នុងសាសនានេះ មានសភាពដូច្នេះ បណ្តាសាវ័កទាំងនោះ សូម្បីសាវ័កណាមួយ ក៏មិនសង្ស័យនឹងអ្វីឡើយ យើងទាំងឡាយ សូមនមស្ការ នូវព្រះពុទ្ធ ព្រះអង្គឈ្នះមារ ព្រះអង្គជាធំជាងជន ទ្រង់ឆ្លងនូវឱឃៈបានហើយ កាត់បង់នូវសេចក្តីសង្ស័យបានហើយ។ ទេវបុត្រទាំងនោះ បានដឹងច្បាស់នូវធម៌ណា របស់ព្រះអង្គ ក្នុងសាសនានេះហើយ បាននូវគុណវិសេស បណ្តាគន្ធព្វទាំង៣នាក់នោះ គន្ធព្វពីរនាក់ បាននូវកាយជាព្រហ្មបុរោហិត បានដល់នូវគុណវិសេស គឺមគ្គ និងផល។ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ យើងខ្ញុំព្រះអង្គ នាំគ្នាមក ដើម្បីដល់នូវធម៌នោះ បពិត្រព្រះអង្គ ទ្រង់និទ៌ុក្ខ បើព្រះមានព្រះភាគ ទ្រង់បើកឱកាសហើយ យើងខ្ញុំព្រះអង្គ សូមក្រាបបង្គំទូលសួរនូវប្រស្នា។
ID: 636816272068503967
ទៅកាន់ទំព័រ៖