ព្រះត្រៃបិដក ភាគ ១៧
[១០៥] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់៤នេះថា បើសម្ពោធិញ្ញាណ(១) នឹងមានដល់ខ្ញុំព្រះអង្គ ក្នុងខាងមុខ ដោយសេចក្តីដឹងខុសត្រូវ ខ្ញុំព្រះអង្គ ជាអ្នកប្រាថ្នាដើម្បីដឹងខុសត្រូវ សេចក្តីដឹងខុសត្រូវនោះឯង ជាការសំខាន់របស់ខ្ញុំព្រះអង្គ ក្នុងមនុស្សលោក ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
[១០៦] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញនូវអំណាចនៃប្រយោជន៍ ជាគំរប់៥នេះថា ខ្ញុំព្រះអង្គ មុខជានឹងច្យុតចាកកាយ ជារបស់នៃមនុស្ស លះបង់នូវអាយុ ជារបស់នៃមនុស្ស ហើយបានទៅកើតជាទេវតាដ៏ឧត្តម ក្នុងទេវលោកវិញ ដូច្នេះ ហើយសំដែងនូវការបាននូវសេចក្តីត្រេកអរ និងការបាននូវសោមនស្ស មានសភាពយ៉ាងនេះ។
(១) សម្ពោធិញ្ញាណ សំដៅយកសកទាគាមិមគ្គ (អដ្ឋកថា)
ID: 636816280795123101
ទៅកាន់ទំព័រ៖