ព្រះត្រៃបិដក ភាគ ១៧

មហា​សតិ​ប្ប​ដ្ឋាន​សូត្រ​ ​ទី៩​


 [​១១១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កម្មា​សទ​ម្ម​និគម​ ​របស់​អ្នក​កុរុ​ ​ក្នុង​ដែន​កុរុ​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កម្មា​សទ​ម្ម​និគម​នោះ​ឯង​ ​បាន​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ទាំង៤នេះ​ ​ជា​ផ្លូវ​មូល​តែមួយ​(​១​)​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​លះបង់​ ​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​បង់​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​បាន​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨ប្រការ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​។​ ​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​មាន​សេចក្តី​ពន្យល់​អំពី​បទ​ថា​ ​ផ្លូវ​មូល​តែមួយ​ជាច្រើន​ន័យ​គឺ​ ​ន័យ​មួយ​ ​លោក​ថា​ ​ជា​ផ្លូវ​មូល​តែមួយ​ ​ព្រោះ​ជា​ផ្លូវ​ប្រតិបត្តិ​ ​ដើម្បី​ចេញ​ចាក​សង្សារ​ ​ទៅកាន់​ព្រះនិព្វាន​ ​មិន​មាន​បែកទៅជា​ផ្លូវ២​ ​ឬ​ជា​ផ្លូវ៣ឡើយ​។​ ​ន័យ​មួយទៀត​ ​លោក​ថា​ ​ជា​ផ្លូវ​ដែល​ត្រូវ​ដើរ​បានតែ​មនុស្សម្នាក់​ ​ព្រោះ​សតិ​ប្ប​ដ្ឋាន​ទាំង៤នេះ​ ​បានតែ​ព្រះ​យោគី​ ​ដែល​លះបង់​ពួក​ចេញ​ ​ហើយ​ទៅ​សម្ងំ​នៅក្នុង​ទីស្ងាត់​ម្នាក់ឯង​ ​ទើប​ប្រតិបត្តិ​កើត​។​ ​មួយទៀត​ ​លោក​ថា​ ​ជា​ផ្លូវ​របស់​មនុស្ស​ប្រសើរ​ ​គឺថា​ ​ជា​ផ្លូវ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​ព្រោះ​ព្រះអង្គ​ប្រសើរ​ជាង​សត្វ​ទាំងពួង​ផង​ ​ហើយ​ទ្រង់​បាន​បង្កើត​ផ្លូវ​ ​គឺ​សតិ​ប្ប​ដ្ឋាន​ ​ឲ្យ​កើតមានឡើង​ផង​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636816283617644540
ទៅកាន់ទំព័រ៖