ព្រះត្រៃបិដក ភាគ ១៧
យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ព្រះកុមារកស្សប ថ្វាយព្រះពរថា បពិត្ររាជញ្ញៈ អាត្មាភាពបានឃើញ បានឮបុគ្គល ដែលធ្លាប់និយាយយ៉ាងនេះ យល់យ៉ាងនេះហើយ តែមិនសមបើបុគ្គលនោះ និយាយយ៉ាងនេះ យល់យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដូច្នេះសោះ បពិត្ររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងទូលសួរមហាបពិត្រ ក្នុងដំណើរនេះ ប្រស្នានេះ ពេញព្រះហឫទ័យ នៃមហាបពិត្រយ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ ចុះទ្រង់សំគាល់ដំណើរនោះថាដូចម្តេច ព្រះច័ន្ទ និងព្រះអាទិត្យនេះ នៅក្នុងលោកនេះ ឬនៅក្នុងលោកដទៃ ជាទេវតា ឬជាមនុស្ស។ ព្រះបាទបាយាសិរាជញ្ញៈ តបថា បពិត្រព្រះកស្សបដ៏ចំរើន ព្រះច័ន្ទ និងព្រះអាទិត្យនេះ នៅក្នុងលោកដទៃ មិនមែននៅក្នុងលោកនេះទេ ជាទេវតា មិនមែនជាមនុស្សទេ។ ព្រះកុមារកស្សប ថ្វាយព្រះពរថា ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្របែរព្រះយោបល់ យល់យ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាលរបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
ID: 636816314924665199
ទៅកាន់ទំព័រ៖