ព្រះត្រៃបិដក ភាគ ១៧
ជាបុគ្គលមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ កាលដែលខ្ញុំដឹងថា ពួកមិត្តអាមាត្យទាំងនេះ មុខជានឹងមិនស្បើយ ចាកអាពាធនេះ ក្នុងកាលឥឡូវនេះទេ ខ្ញុំក៏បានចូលទៅរកមិត្តអាមាត្យទាំងនោះ ហើយនិយាយ យ៉ាងនេះថា នែអ្នកដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ និយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ពួកជនណា សម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុស ពួកជននោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ដូច្នេះ ឯអ្នកដ៏ចំរើនទាំងឡាយ សុទ្ធតែជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម និយាយកុហក និយាយញុះញង់ និយាយពាក្យទ្រគោះ និយាយពាក្យឥតប្រយោជន៍ ចង់បានទ្រព្យគេ មានចិត្តគុំគួន មានសេចក្តីយល់ខុសហើយ បើជាពាក្យរបស់សមណព្រាហ្មណ៍ទាំងនោះពិតមែន អ្នកដ៏ចំរើនទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ មុខជានឹងទៅកើត ក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកពុំខាន
ID: 636816315497397958
ទៅកាន់ទំព័រ៖