ព្រះត្រៃបិដក ភាគ ១៧
មិនឈ្លាសវៃ ស្វែងរកបរលោកដោយខុសទំនង គង់នឹងដល់នូវសេចក្តីវិនាស ដូចជាព្រាហ្មណី ដែលល្ងង់ មិនឈ្លាសវៃ ស្វែងរកសម្បត្តិដោយមិនត្រូវទំនង ក៏បានដល់នូវសេចក្តីវិនាស ដូច្នោះមិនខាន។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍ទាំងឡាយ មានសីល មានធម៌ល្អ រមែងមិនផ្តាច់បង់នូវអាយុ ដែលមិនទាន់អស់ទេ មួយវិញទៀត អ្នកប្រាជ្ញទាំងឡាយ តែងរង់ចាំកាល ឲ្យអាយុដល់កំណត់។ បពិត្ររាជញ្ញៈ សមណព្រាហ្មណ៍ទាំងឡាយ មានសីល មានធម៌ល្អ មានជីវិតវិសេសជាងពួកជនដទៃ បពិត្ររាជញ្ញៈ ពួកសមណព្រាហ្មណ៍ មានសីល មានធម៌ល្អ ឋិតនៅអស់កាលយូរអង្វែង ដោយប្រការណា ពួកសមណព្រាហ្មណ៍ទាំងនោះ រមែងបាននូវបុណ្យច្រើន និងប្រតិបត្តិ ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ដោយប្រការដូច្នោះឯង។ ឱរាជញ្ញៈ បើតាមបរិយាយនេះ សូមមហាបពិត្រ បែរព្រះយោបល់ យល់មកយ៉ាងនេះវិញថា លោកដទៃមាន។បេ។ ផលវិបាកមាន ដោយហេតុនេះ។
ID: 636816322403812982
ទៅកាន់ទំព័រ៖