ព្រះត្រៃបិដក ភាគ ១៧

។​បេ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បរិយាយ​នោះ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពួក​រាជបុរស​ក្នុង​ដែន​នេះ​ ​ចាប់ចោរ​ដែល​ប្រព្រឹត្ត​អាក្រក់​ ​យក​មក​ឲ្យ​ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្នកនេះ​ជា​ចោរ​ ​ប្រព្រឹត្ត​អាក្រក់​នឹង​ព្រះអង្គ​ ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ ​ដាក់​អាជ្ញា​ណា​ ​ដល់​ចោរ​នេះ​ ​សូម​ដាក់​អាជ្ញា​នោះ​ចុះ​ ​ខ្ញុំ​ក៏​និយាយ​នឹង​រាជបុរស​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​យក​ជញ្ជីង​ថ្លឹង​បុរស​នេះ​ទាំង​រស់​ ​ហើយ​យក​ខ្សែ​បន្លោះធ្នូ​ ​ចង​រឹតរួត​ ​មិន​ឲ្យ​មាន​ដង្ហើមចេញ​ចូល​ ​ឲ្យ​ស្លាប់​ ​រួច​យក​ជញ្ជីង​មក​ថ្លឹង​ម្តង​ទៀត​ ​រាជបុរស​ទាំងនោះ​ ​ទទួលពាក្យ​របស់ខ្ញុំ​ថា​ ​ករុណាវិសេស​ ​ហើយក៏​យក​ជញ្ជីង​មក​ថ្លឹង​បុរស​នេះ​ទាំង​រស់​ ​រួច​យក​ខ្សែ​បន្លោះធ្នូ​ ​ចង​រឹតរួត​ ​មិន​ឲ្យ​មាន​ដង្ហើមចេញ​ចូល​ ​ឲ្យ​ស្លាប់​ ​ហើយ​យក​ជញ្ជីង​មក​ថ្លឹង​ម្តង​ទៀត​។​ ​កាល​បុរស​នោះ​នៅ​រស់​ ​ជា​បុគ្គល​ស្រាល​ជាង​ផង​ ​ទន់​ជាង​ផង​ ​គួរ​ដល់​ការងារ​ជាង​ផង​ ​លុះ​បុរស​នោះ​ស្លាប់​ហើយ​ ​ក៏​បែរជា​ធ្ងន់ជាង​វិញ​ផង​ ​រឹង​ជាង​វិញ​ផង​ ​មិន​គួរ​ដល់​ការងារ​អ្វី​ផង​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នេះឯង​ ​ដែល​នាំឲ្យ​ខ្ញុំ​មានគំនិត​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636816323534047628
ទៅកាន់ទំព័រ៖