ព្រះត្រៃបិដក ភាគ ១៧
បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់មកឲ្យខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន បុរសនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យ នឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមដាក់អាជ្ញានោះចុះ ខ្ញុំក៏និយាយយ៉ាងនេះ នឹងរាជបុរសទាំងនោះថា នែអ្នកដ៏ចំរើនទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរសម្លាប់បុរសនេះចុះ តែកុំឲ្យខូចស្បែកក្រៅ ស្បែកក្នុង សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹង ក្រែងលោយើងនឹងបានឃើញជីវៈ (ព្រលឹង) របស់បុរសនោះចេញមក រាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏សម្លាប់បុរសនោះ មិនឲ្យមានស្នាមជាំដាំ ត្រង់ស្បែកក្រៅ ស្បែកក្នុង សាច់ សរសៃ ឆ្អឹង និងខួរក្នុងឆ្អឹងឡើយ។ ក្នុងកាលដែលគេកំពុងប្រុងប្រៀបនឹងសម្លាប់ចោរនោះ ខ្ញុំបាននិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឲ្យបុរសនេះដេកផ្ងារឡើង ក្រែងយើងនឹងបានឃើញជីវៈរបស់វាចេញមក រាជបុរសទាំងនោះ ក៏ឲ្យបុរសនោះដេកផ្ងារឡើង។ យើងក៏មិនឃើញជីវៈរបស់ចោរនោះចេញមកសោះ ខ្ញុំនិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះទៀតថា
ID: 636816324409527702
ទៅកាន់ទំព័រ៖