ព្រះត្រៃបិដក ភាគ ១៧

។​បេ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បរិយាយ​នោះ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពួក​រាជបុរស​ក្នុង​ដែន​នេះ​ ​ចាប់ចោរ​ដែល​ប្រព្រឹត្ត​អាក្រក់​ ​មក​ឲ្យ​ដល់​ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្នកនេះ​ ​ជា​ចោរ​ប្រព្រឹត្ត​អាក្រក់​នឹង​ព្រះអង្គ​ ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​នឹង​ដាក់​អាជ្ញា​ណា​ ​ដល់​ចោរ​នេះ​ ​សូម​ព្រះអង្គ​ដាក់​អាជ្ញា​នោះ​ចុះ​ ​ខ្ញុំ​និយាយ​នឹង​រាជបុរស​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ឆូត​ស្បែក​ក្រៅ​ ​របស់​បុរស​នេះ​មើល​ ​ក្រែងលោ​យើង​ឃើញ​ជីវៈ​របស់​បុរស​នេះ​ ​ពួក​រាជបុរស​ទាំងនោះ​ ​ក៏​ឆូត​ស្បែក​ក្រៅ​របស់​បុរស​នោះ​។​ ​យើង​ក៏​មិនបាន​ឃើញ​ជីវៈ​របស់​បុរស​នោះ​សោះ​។​ ​ខ្ញុំ​និយាយ​នឹង​រាជបុរស​ទាំងនោះ​ ​យ៉ាងនេះ​ទៀត​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ពន្លះស្បែក​ក្នុង​ ​អារ​សាច់​ ​កាត់​សរសៃ​ ​កាត់​ឆ្អឹង​ ​ឆ្កៀល​ខួរ​ក្នុង​ឆ្អឹង​ ​របស់​បុរស​នេះ​មើល​ ​ក្រែងលោ​យើង​បានឃើញ​ជីវៈ​របស់​វា​ ​រាជបុរស​ទាំងនោះ​ ​ក៏​ឆ្កៀល​ខួរ​ក្នុង​ឆ្អឹង​ ​របស់​បុរស​នោះ​។​ ​យើង​ក៏​នៅតែ​មិនឃើញ​ជីវៈ​របស់​បុរស​នោះ​សោះ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នេះឯង​ ​ដែល​នាំឲ្យ​ខ្ញុំ​នៅ​មានគំនិត​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​
ថយ | ទំព័រទី ៣៤៧ | បន្ទាប់
ID: 636816326033000560
ទៅកាន់ទំព័រ៖