ព្រះត្រៃបិដក ភាគ ១៧
[១៥៥] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាព នឹងធ្វើឧបមា ថ្វាយមហាបពិត្រ វិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ រមែងយល់សេចក្តីនៃភាសិតនេះ ដោយពាក្យឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានជដិលម្នាក់ ជាអ្នកបម្រើភ្លើង នៅក្នុងកុដិស្លឹក ក្នុងព្រៃរំលោង។ បពិត្ររាជញ្ញៈ ក្នុងកាលនោះឯង មានពួកឈ្មួញរទេះមួយពួក នៅក្នុងជនបទ បាននាំគ្នាចេញអំពីជនបទនោះ។ គ្រានោះ ពួកឈ្មួញរទេះនោះ នៅឈប់សំចត ជិតអាស្រមរបស់ជដិលអ្នកបម្រើភ្លើងនោះអស់១យប់ ទើបនាំគ្នាចៀសចេញទៅ។ បពិត្ររាជញ្ញៈ គ្រានោះឯង ជដិលអ្នកបម្រើភ្លើងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា គួរតែអាត្មាអញចូលទៅត្រង់កន្លែងជាទីសំណាក់របស់ពួកឈ្មួញរទេះនោះ ក្រែងជួនជាបានគ្រឿងឧបករណ៍អ្វីមួយក្នុងទីនុ៎ះ។ ទើបជដិលអ្នកបម្រើភ្លើងនោះ ក្រោកឡើងពីព្រលឹម ចូលទៅត្រង់កន្លែង ជាទីសំណាក់របស់ពួកឈ្មួញរទេះនោះ លុះចូលទៅដល់ហើយ ក៏បានឃើញក្មេងតូច ក្បាលត្រងោល ដេកផ្ងារ ដែលគេចោល ក្នុងទីសំណាក់ របស់ពួកឈ្មួញរទេះនោះ។ ជដិលនោះ លុះឃើញហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើអាត្មាអញមើលបំណាំ បណ្តោយឲ្យមនុស្សស្លាប់ ដោយហេតុណា ហេតុនុ៎ះ មិនសមគួរដល់
ID: 636816326361559352
ទៅកាន់ទំព័រ៖