ព្រះត្រៃបិដក ភាគ ១៧
ទារកនោះនិយាយថា បពិត្របិតា ខ្ញុំកំពុងតែខ្វល់ខ្វាយ ដោយការលេងក្នុងទីនេះ ភ្លើងក៏រលត់ ខ្ញុំមានសេចក្តីត្រិះរិះ យ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ យ៉ាងនេះថា នែបា ត្រូវឯងបម្រើភ្លើង នែបា ឯងកុំឲ្យភ្លើងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញបង្កាត់ភ្លើង ហើយបម្រើភ្លើងចុះ បពិត្របិតា លំដាប់នោះឯង ខ្ញុំក៏យកកាំបិតច្រាសឈើពំនួត ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើងអេះ។ ខ្ញុំក៏មិនបានភ្លើងសោះឡើយ ខ្ញុំក៏ពុះឈើពំនួតភ្លើង ជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើឲ្យជាចំរៀកតូចៗ លុះធ្វើឲ្យជាចំរៀកតូចៗរួចហើយ ក៏យកទៅបុកក្នុងត្បាល់ លុះបុកក្នុងត្បាល់ហើយ ក៏រោយតាមខ្យល់ខ្លាំង ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើង ខ្ញុំក៏មិនបានភ្លើងសោះ។ គ្រានោះឯង ជដិលអ្នកបម្រើភ្លើងនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ទារកនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃមែន មិនសមបើនឹងស្វែងរកភ្លើង ដោយខុសទំនងសោះ។
ID: 636816327178006050
ទៅកាន់ទំព័រ៖