ព្រះត្រៃបិដក ភាគ ១៧
កាលដែលទារកនោះ កំពុងសំឡឹងមើល ជដិលនោះ ក៏ចាប់យកឈើពំនួតភ្លើង ហើយពួកឲ្យកើតភ្លើង រួចនិយាយនឹងទារកនោះ យ៉ាងនេះថា នែបា ភ្លើង គេត្រូវពួតឲ្យឆេះយ៉ាងនេះ មិនមែនដូចជាបាឯង ជាមនុស្សឆោត មិនវាងវៃ ស្វែងរកភ្លើង ដោយខុសទំនងដូច្នោះទេ។ បពិត្ររាជញ្ញៈ ឯមហាបពិត្រក៏យ៉ាងនោះដែរ គឺជាមនុស្សខ្លៅ មិនវាងវៃ ស្វែងរកបរលោក ដោយខុសទំនង បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នោះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិដ៏អាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលយូរ កុំបីមាន ដល់មហាបពិត្រឡើយ។
[១៥៦] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏សមម្យ៉ាងដែរហើយ ប៉ុន្តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញបានទេ ព្រោះថា ព្រះបាទបសេនទិកោសលក្តី ពួកព្រះរាជាខាងក្រៅក្តី ដឹងច្បាស់នូវខ្ញុំថា ព្រះបាទបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
ID: 636816327541536843
ទៅកាន់ទំព័រ៖