ព្រះត្រៃបិដក ភាគ ១៧
បានទាំងចងត្រឹមត្រូវផង របស់នេះ គួរដល់ខ្ញុំហើយ អ្នកឯងចូរដឹងចុះ។ លំដាប់នោះ បុរសជាសំឡាញ់នោះ ចោលបង្វេចប្រាក់ចេញ ហើយយកបង្វេចមាសទៅ។ បុរសទាំងពីរនាក់នោះ បានវិលចូលទៅដល់ស្រុករបស់ខ្លួនវិញ។ បណ្តាបុរសទាំងពីរនាក់នោះ បុរសជាសំឡាញ់ណា ដែលនាំយកបាច់សម្បកធ្មៃទៅ មាតាបិតារបស់បុរសជាសំឡាញ់នោះ មិនត្រេកអរសោះ ទាំងបុត្រភរិយាក៏មិនត្រេកអរ ទាំងពួកមិត្រអាមាត្យ ក៏មិនត្រេកអរ បុរសនោះ ត្រឡប់ជាមិនបានសេចក្តីសុខ សោមនស្ស ព្រោះតែសម្បកធ្មៃនោះជាហេតុ។ ចំណែកឯបុរសជាសំឡាញ់ណា បាននាំយកបង្វេចមាសទៅ មាតាបិតារបស់បុរសជាសំឡាញ់នោះ ក៏ត្រេកអរ ទាំងបុត្រភរិយាក៏ត្រេកអរ ទាំងពួកមិត្រអាមាត្យ ក៏ត្រេកអរ បុរសនោះ ក៏បានសេចក្តីសុខ សោមនស្ស ព្រោះមាសនោះជាហេតុ។ បពិត្ររាជញ្ញៈ មហាបពិត្រ ក៏ប្រហែលដូចជាបុរសអ្នកស្ពាយសម្បកធ្មៃ យ៉ាងនោះឯង បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិដ៏អាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់ព្រះអង្គឡើយ។
ID: 636816332357852321
ទៅកាន់ទំព័រ៖