ព្រះត្រៃបិដក ភាគ ១៧
ព្រះបាទមហាសុទស្សនៈ ទ្រង់ឮសូរស័ព្ទនោះហើយ ទើបទ្រង់ត្រាស់ថា សំឡេងនោះ ដូចជាសំឡេងពួកជនច្រើននាក់ឬហ្ន៎ ហើយទ្រង់ស្តេចចេញពីកូដាគារដ្ឋានប្រាក់ ទ្រង់ទតទៅឃើញព្រះនាងសុភទ្ទាទេវី កំពុងតែទ្រង់ព្រះសណ្ឋិតតោងមេទ្វារ លុះទតឃើញហើយ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាងសុភទ្ទាទេវីថា នែនាងទេវី ចូរនាងបង្អង់នៅទីនុ៎ះសិន នាងកុំអាលចូលមក។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់ហៅបុរសម្នាក់មកថា ម្នាលបុរស អ្នកចូរមកនេះ ចូរទៅនាំយកបល្លង្កមាស អំពីកូដាគារដ្ឋានប្រាក់ ទៅតាំងក្នុងតាលវ័ន (ព្រៃត្នោត) សុទ្ទតែមាស។ ម្នាលអានន្ទ បុរសនោះ បានទទួលព្រះរាជឱង្ការនៃព្រះបាទមហាសុទស្សនៈថា ព្រះករុណាស្លៃវិសេស ដូច្នេះហើយ ក៏នាំយកបល្លង្កមាស ចេញចាកកូដាគារដ្ឋានប្រាក់ ទៅតាំងក្នុងតាលវ័ន សុទ្ធតែមាស។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់សម្រេចសីហសេយ្យា ដោយខាងស្តាំ ទ្រង់តម្រួតព្រះបាទលើគ្នា ទ្រង់មានព្រះសតិ សម្បជញ្ញៈ។
ID: 636816171124180282
ទៅកាន់ទំព័រ៖