ព្រះត្រៃបិដក ភាគ ១៧
ត្នោតកែវផលិក ដើមជាកែវផលិក ឯស្លឹក និងផ្លែជាកែវពៃទូរ្យ។ ត្នោតកែវទទឹម ដើមជាកែវទទឹម ឯស្លឹក និងផ្លែជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត ឯស្លឹក និងផ្លែជាកែវទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹក និងផ្លែជាកែវគ្រប់យ៉ាង។ ម្នាលអានន្ទ ជួរដើមត្នោតទាំងនោះ ត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តូរ្យតន្ត្រីប្រកបដោយអង្គប្រាំ
(១) ដែលពួកអ្នកឈ្លាសវៃផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ ឲ្យមានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ឯជួរដើមត្នោតទាំងនោះ កាលត្រូវខ្យល់បក់មក ក៏មានសូរសព្ទពីរោះ គួរត្រេកអរ គួរផ្ទៀងស្តាប់ គួរជក់ចិត្ត ក៏មានឧបមេយ្យដូច្នោះឯង។
(១) អដ្ឋកថា ថា តូរ្យតន្រ្តីប្រកបដោយអង្គ៥នោះ គឺអាតដំ ស្គរតូច ឬស្គរធំ ដែលគេពាសស្បែកតែម្ខាង១ រិតដំ ស្គរដែលគេពាសស្បែកទាំងសងខាង១ អាតដវិគដំ គ្រឿងតន្ត្រីដែលរិតដោយខ្សែ មានរនាតជាដើម១ សុសិរំ គ្រឿងផ្លុំ មានខ្លុយ និងស្រឡៃជាដើម១ ឃនំ កណ្តឹង ឬឈឹង ឬក្រាប់១។
ID: 636816161498259711
ទៅកាន់ទំព័រ៖