ព្រះត្រៃបិដក ភាគ ១៧
ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ជូតទឹកព្រះនេត្រហើយ ក្រាបបង្គំទូលព្រះបាទមហាសុទស្សនៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សេចក្តីវិនាស ព្រាត់ប្រាស ឃ្លៀងឃ្លាតចាកសត្វ និងសង្ខារទាំងពួង ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត (រមែងមានដល់ព្រះអង្គ) បពិត្រព្រះសម្មតិទេព សូមទ្រង់កុំទិវង្គត ប្រកបដោយសេចក្តីអាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែលមានសេចក្តីអាល័យ តែងនាំមកនូវសេចក្តីទុក្ខ មួយទៀត កាលកិរិយារបស់បុគ្គលដែលមានសេចក្តីអាល័យ អ្នកប្រាជ្ញតែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាននគរកុសាវតីរាជធានី ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីអាល័យ ចំពោះនគរទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ប្រាសាទ៨៤០០០ របស់ព្រះអង្គនេះ មានធម្មប្រាសាទ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះប្រាសាទទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព កូដាគារដ្ឋាន៨៤០០០របស់ព្រះអង្គនេះ មានកូដាគារដ្ឋានប្រាក់ ជាប្រធាន បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះកូដាគារដ្ឋានទាំងនុ៎ះចេញ
ID: 636816174113501261
ទៅកាន់ទំព័រ៖