ព្រះត្រៃបិដក ភាគ ១៧
កន្លងទៅយូរហើយ បើព្រះមានព្រះភាគ មិនទ្រង់ព្យាករក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយនោះទេ ពួកជនដែលនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក៏កើតមានសេចក្តីតូចចិត្ត ដោយហេតុនោះពុំខាន ពួកជនដែលមាននៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ កើតមានសេចក្តីតូចចិត្ត ដោយហេតុណា ហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករ ចំពោះពួកជននោះ ដោយហេតុនោះសោះ។ ព្រះអានន្ទមានអាយុ ប្រារព្ធនូវពួកជន អ្នកនៅក្នុងដែនមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយពិចារណានូវហេតុនេះ ក្នុងទីស្ងាត់តែម្នាក់ឯង លុះក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដូច្នេះថា ព្រះមានព្រះភាគ ទ្រង់ព្យាករ ក្នុងកំណើតនៃបញ្ញា និងគតិ និងបុណ្យ ចំពោះពួកជន ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ធ្វើមរណកាលកន្លងទៅយូរហើយ ក្នុងជនបទទាំងឡាយជុំវិញ គឺ
ID: 636816180066421749
ទៅកាន់ទំព័រ៖