ព្រះត្រៃបិដក ភាគ ១៧
បពិត្រព្រះសុគត ខ្ញុំព្រះអង្គ មិនមែនជាខាងក្រៅសាសនា របស់ព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានជ្រះថ្លា ចំពោះព្រះមានព្រះភាគដោយពិតជាដម្បូងក្នុងថ្ងៃណា បពិត្រព្រះអង្គដ៏ចំរើន តាំងអំពីថ្ងៃនោះជាដើម ខ្ញុំព្រះអង្គ ជាបុគ្គលមិនធ្លាក់ចុះ ដឹងច្បាស់នូវដំណើរមិនធ្លាក់ចុះ អស់កាលជាអង្វែង ទាំងសេចក្តីប៉ុនប៉ងរបស់ខ្ញុំព្រះអង្គ ដើម្បីសកទាគាមិមគ្គ ក៏តាំងនៅល្អ បពិត្រព្រះអង្គដ៏ចំរើន វេស្សវណមហារាជ ប្រើខ្ញុំព្រះអង្គទៅក្នុងសំណាក់វិរូឡ្ហកមហារាជ ដោយកិច្ចនីមួយក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់លំនៅ ដែលធ្វើដោយឥដ្ឋ ត្រង់ពាក់កណ្តាលផ្លូវ ទ្រង់ប្រារព្ធពួកជនអ្នកមគធៈ ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហើយធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងព្រះហឫទ័យ ពិចារណានូវហេតុទាំងអស់ ដោយព្រះហឫទ័យ ហើយទ្រង់គង់នៅ ទ្រង់ព្រះចិន្តាថា អ្នកដ៏ចំរើនទាំងនោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណា តថាគត ក៏ដឹងនូវគតិ និងអភិសម្បរាយៈ របស់ជនទាំងនោះ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ពាក្យណា ដែលខ្ញុំព្រះអង្គបានទទួល គឺបានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះវេស្សវណមហារាជ ទ្រង់មានព្រះបន្ទូលក្នុងពពួកបរិសទ្យនោះថា អ្នកដ៏ចំរើនទាំងនោះ មានគតិយ៉ាងណា មានអភិសម្បរាយៈយ៉ាងណាដូច្នេះ ពាក្យនេះ ជាអស្ចារ្យដែរ
ID: 636816182833139996
ទៅកាន់ទំព័រ៖