ព្រះត្រៃបិដក ភាគ ១៧
ម្នាលអ្នកទាំងឡាយ ឥឡូវនេះ ខ្ញុំដូចជាស្តេច របស់ស្តេចទាំងឡាយ ឬដូចជាព្រហ្ម របស់ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតា របស់គហបតីទាំងឡាយ ខ្ញុំនឹងលះបង់នូវភាវៈជាធំនោះទាំងអស់ ហើយចេញចាកផ្ទះទៅបួស តាមដែលខ្ញុំបានឮព្រហ្មនិយាយ អំពីក្លិនពុលទាំងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ម្នាលអ្នកដ៏ចំរើនទាំងឡាយ ខ្ញុំនឹងចេញចាកផ្ទះ ទៅបួស។ ពួកព្រាហ្មណមហាសាលទាំងនោះ ឆ្លើយតបថា បើគោវិន្ទព្រាហ្មណ៍ ចេញចាកផ្ទះ ទៅបួស យើងទាំងឡាយ នឹងចេញចាកផ្ទះទៅបួសដែរ បើគតិរបស់អ្នកយ៉ាងណា គតិរបស់ពួកយើង ក៏យ៉ាងនោះដែរ។ ម្នាលអ្នកដ៏ចំរើន គ្រានោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នា លុះចូលទៅដល់ហើយ បាននិយាយនឹងភរិយាទាំង៤០នាក់ ដែលមានជាតិ និងត្រកូលស្មើគ្នា យ៉ាងនេះថា ម្នាលនាងដ៏ចំរើន នាងណាចង់ទៅ នាងនោះ ចូរទៅកាន់ត្រកូលញាតិទាំងឡាយរបស់ខ្លួនចុះ ឬចូររកភស្តាដទៃទៀតចុះ នែនាងដ៏ចំរើន អញប្រាថ្នានឹងចេញចាកផ្ទះទៅបួស ព្រោះអញ បានឮព្រហ្មនិយាយអំពីក្លិនពុលទំាងឡាយហើយ ក្លិនពុលទាំងនោះ បុគ្គលនៅគ្រប់គ្រងផ្ទះ មិនងាយនឹងលះបង់បានឡើយ ហៃនាងដ៏ចំរើន អញនឹងចេញចាកផ្ទះ ទៅបួស។
ID: 636816214131890182
ទៅកាន់ទំព័រ៖