ព្រះត្រៃបិដក ភាគ ១៧

លំដាប់នោះ​ ​ទេវតា​ទាំងនោះ​ឯង​ ​ក៏​បាត់​អំពី​សុទ្ធាវាស​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​(​១​)​ ​នៃ​ព្រះមានព្រះភាគ​ ​(​ដោយ​ឆាប់រហ័ស​)​ ​គួរនា​ដូចជា​បុរស​មាន​កំឡាំង​លាដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​។​ ​គ្រានោះ​ ​ពួក​ទេវតា​នោះ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ទេវតា​ទាំងនោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ទេវតា១អង្គ​ ​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​(​១​)​ ​ក្នុង​បាលី​ថា​ ​ពួក​ព្រហ្ម​ចុះ​មក​ប្រតិស្ឋាន​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​តែ​ក្នុង​អដ្ឋកថា​ថា​ ​ពួក​ព្រហ្ម​ទាំងនោះ​ ​ឋិតនៅ​ក្នុង​ព្រហ្មលោក​ដូចដែល​ ​គ្រាន់តែ​ធ្វើ​ឫទ្ធិ​ហើយ​សូត្រ​នូវ​បទ​ព្រះ​គាថា​ ​ដែល​ខ្លួន​សន្សំ​ហើយ​ប៉ុណ្ណោះ​ ​គឺ​ព្រហ្ម១អង្គ​ ​ចុះ​មក​ឋិតនៅ​ក្នុង​កណ្តាប់​ចក្កវាឡ​ ​ខាងកើត​ ​ព្រហ្ម១អង្គ​.​.​ ​ចក្កវាឡ​ខាងត្បូង​ ​ព្រហ្ម១អង្គ​ ​.​.​.​ ​ចក្កវាឡ​ខាងលិច​ ​ព្រហ្ម១អង្គ​ ​.​.​ ​ចក្កវាឡ​ខាងជើង​។​ ​ទើប​ព្រហ្ម​ក្នុង​ចក្កវាឡ​ខាងកើត​ ​ក៏​ចូល​នីល​កសិណ​ ​បញ្ចេញ​នូវ​រស្មី​ខៀវ​ ​បីដូច​ជា​ស្បែក​រំលេច​ដោយ​កែវមណី​ ​ហើយ​បង្ហាញខ្លួន​ដល់​ទេវតា​ក្នុង១ហ្មឺន​ចក្កវាឡ​ឲ្យដឹង​ថា​ ​ខ្លួន​មក​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ពោល​នូវ​គាថា​ ​ដែល​ខ្លួន​តាក់តែង​។​ ​ព្រហ្ម​ក្នុង​ចក្កវាឡ​ខាងត្បូង​ ​ក៏​ចូល​បីត​កសិណ​ ​បញ្ចេញរស្មី​មាន​ពន្លឺ​ដូចជា​មាស​ ​ដូចជា​ដណ្តប់​ផែន​មាស​ ​បង្ហាញខ្លួន​ដល់​ពួក​ទេវតា​ ​ក្នុង១ហ្មឺន​ចក្កវាឡ​ ​ឲ្យដឹង​ថា​ ​ខ្លួន​មក​ ​ហើយ​ឋិតនៅ​ដូច្នោះ​ដែរ​។​ ​ព្រហ្ម​ក្នុង​ចក្កវាឡ​ខាងលិច​ ​ក៏​ចូល​លោហិត​កសិណ​ ​បញ្ចេញរស្មី​ ​ក្រហម​ ​បីដូច​ជា​ស្រោប​កាយ​ដោយ​សំពត់​កម្ពល​ ​មាន​សម្បុរ​ក្រហមឆ្អៅ​ ​បង្ហាញខ្លួន​ដល់​ពួក​ទេវតា​ក្នុង១ហ្មឺន​ចក្កវាឡ​ ​ឲ្យដឹង​ថា​ ​ខ្លួន​មក​ ​ហើយ​ឋិតនៅ​ដូច្នោះ​ដែរ​។​ ​ព្រហ្ម​ក្នុង​ចក្កវាឡ​ខាងជើង​ ​ក៏​ចូល​ឱ​ទា​ត​កសិណ​ ​បញ្ចេញ​រស្មី​ស​ ​បីដូច​ជា​ដណ្តប់​ផែន​ផ្កាម្លិះ​ ​បង្ហាញខ្លួន​ដល់​ពួក​ទេវតា​ ​ក្នុង១ហ្មឺន​ចក្កវាឡ​ ​ឲ្យដឹង​ថា​ ​ខ្លួន​មក​ ​ហើយ​ឋិតនៅ​ដូច្នោះ​ដែរ​។​ ​យល់ថា​ព្រហ្ម​ទាំងនោះ​ ​មក​ផ្សេងគ្នា​ ​តែ​ក្នុង​ពេល​ជាមួយគ្នា​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636816216749819919
ទៅកាន់ទំព័រ៖