ព្រះត្រៃបិដក ភាគ ១៧
ទាំងសំឡេងច្រៀង ក៏មិនប្រព្រឹត្តកន្លងសំឡេងខ្សែពិណឡើយ ម្នាលបញ្ចសិខៈ គាថាទាំងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំងប្រកបដោយកាម តើអ្នកចងក្រងទុកតាំងពីកាលណាមក។ បញ្ចសិខគន្ធព្វបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានចងក្រងទុក តាំងពីសម័យ ដែលព្រះមានព្រះភាគ ទ្រង់បានត្រាស់ដឹងជាដំបូង ហើយទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស ឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះ ខ្ញុំព្រះអង្គប្រាថ្នាចង់បាននូវនាងសុរិយវច្ឆសាដ៏ល្អ ដែលជាធីតា នៃព្រះបាទតិម្ពរុគន្ធព្វរាជ។ បពិត្រព្រះអង្គដ៏ចំរើន តែនាងនោះឯង មានសេចក្តីស្រឡាញ់ ចំពោះបុរសដទៃវិញ គឺចង់បានសិខណ្ឌិទេវបុត្រ ជាបុត្តរបស់មាតលីសង្គហកទេវបុត្ត។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលដែលខ្ញុំព្រះអង្គ មិនបាននាងនោះ ដោយបរិយាយណាមួយហើយ ទើបខ្ញុំព្រះអង្គកាន់ពិណ មានសម្បុរលឿង ដូចផ្លែព្នៅទុំ ចូលសំដៅទៅត្រង់លំនៅ របស់ព្រះបាទតិម្ពរុគន្ធព្វរាជ លុះចូលទៅដល់ហើយ ក៏ដេញពិណមានសម្បុរលឿង ដូចផ្លែព្នៅទុំ ហើយច្រៀងនូវគាថាទាំងនេះ ដែលប្រកបដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះអរហន្ត ទាំងប្រកបដោយកាមថា
ID: 636816268150849890
ទៅកាន់ទំព័រ៖