ព្រះត្រៃបិដក ភាគ ១៧

 [​១៤​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងឡាយ​ ​នាំ​យក​សម្បត្តិ​ដ៏​ច្រើន​ ​ចូល​ទៅ​គាល់​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សម្បត្តិ​ដ៏​ច្រើន​នេះ​ ​យើងខ្ញុំ​ព្រះអង្គ​នាំមក​ថ្វាយ​ចំពោះ​ព្រះអង្គ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ទទួល​សម្បត្តិ​ទាំងនោះ​។​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ណ្ហើយ​កុំ​ ​សម្បត្តិ​ដ៏​ច្រើន​នេះ​ ​ដែល​អ្នកនាំ​មក​ដើម្បី​យើង​ ​ដោយ​ពលិកម្ម​ប្រកបដោយ​ធម៌​ហើយ​ ​តែ​ទ្រព្យសម្បត្តិ​ទាំងនោះ​ ​ចូរ​នៅជា​របស់​អ្នក​ទាំងឡាយ​វិញ​ចុះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​នាំ​យក​ពីរ​នេះ​ថែម​ទៅទៀត​ចុះ​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងនោះ​ ​លុះ​ស្តេច​ឃាត់​យ៉ាងនេះ​ហើយ​ ​ក៏​ថយចេញ​ទៅ​នៅក្នុង​ទី​ដ៏​សមគួរ​ ​ហើយ​គិត​ព្រមគ្នា​យ៉ាងនេះ​ថា​ ​ការដែល​ពួក​យើង​នាំ​យក​សម្បត្តិ​ទាំងនេះ​ត្រឡប់ទៅ​ទុក​ក្នុង​ផ្ទះ​របស់​យើង​វិញ​យ៉ាងនេះ​ ​មិន​សមគួរ​ដល់​ពួក​យើង​ឡើយ​ ​បើដូច្នេះ​ ​ពួក​យើង​គួរ​នាំគ្នា​សាង​និវេសនដ្ឋាន​ ​ថ្វាយព្រះ​បាទ​មហា​សុ​ទស្សនៈ​វិញ​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ទាំងនោះ​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​នឹង​នាំគ្នា​សាង​និវេសន៍​ថ្វាយព្រះ​អង្គ​។​ ​ម្នាល​អានន្ទ​ ​ឯ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​បាន​ទទួល​ដោយ​តុណ្ហីភាព​។​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636816166138725130
ទៅកាន់ទំព័រ៖