ព្រះត្រៃបិដក ភាគ ១៧

 [​៩២​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​រិះគិត​យ៉ាងនេះ​ថា​ ​សក្កទេវរាជ​នេះ​ ​ទ្រង់​មាន​ព្រះទ័យ​ដ៏​បរិសុទ្ធ​ស្អាត​(​១​)​ ​មក​អស់​កាលយូរ​ហើយ​ ​នឹង​សួរ​នូវ​ប្រស្នា​ណា​នីមួយ​ ​ចំពោះ​តថាគត​ ​ក៏​សួរ​តែ​ប្រស្នា​ដែល​មានប្រយោជន៍​ទាំងអស់​ ​មិនមែន​សួរ​ប្រស្នា​ដែល​មិន​មានប្រយោជន៍​ឡើយ​ ​មួយទៀត​ ​សក្កទេវរាជ​ ​បាន​សួរ​តថាគត​ ​ៗ​នឹង​ដោះស្រាយ​ចំពោះ​ប្រស្នា​ណា​ ​សក្កទេវរាជ​ ​ក៏​នឹង​យល់​ច្បាស់​នូវ​ប្រស្នា​នោះ​ ​ឆាប់រហ័ស​បាន​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ដោយបទ​គាថា​ ​ថា​
​បពិត្រ​ ​វាសវៈ​ ​មហារាជ​មានព្រះហឫទ័យ​ ​ប្រាថ្នា​នឹង​សួរ​នូវ​ប្រស្នា​ណា​ ​ចូរ​សួរ​នូវ​ប្រស្នា​នោះ​ ​ចំពោះ​តថាគត​ចុះ​ ​តថាគត​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ប្រស្នា​ទាំ​ងនោះៗ​ ​ថ្វាយ​មហា​បពិត្រ​បាន​។​

​ចប់​ ​បឋម​ភាណវារៈ​។​


​(​១​)​ ​សក្កទេវរាជ​ ​មានចិត្ត​បរិសុទ្ធ​ស្អាត​ ​តាំងពី​កាលដែល​យកកំណើត​ជា​មាណព​ ​ឈ្មោះ​ ​មា​ឃៈ​ ​ក្នុង​អចលគ្រាម​ ​ក្នុង​ដែន​មគធៈ​ ​មុន​ពុទ្ធកាល​។​
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 636816272519729776
ទៅកាន់ទំព័រ៖