ព្រះត្រៃបិដក ភាគ ១៧
ទ្រង់ឆ្លងផុតចាកសេចក្តីសង្ស័យហើយ ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ ជាអ្នករួចចាកភ័យហើយ បានចូលមកអង្គុយជិតព្រះសម្ពុទ្ធ។ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះសម្ពុទ្ធ ទ្រង់ដកចោលនូវសរ គឺតណ្ហាចេញបានហើយ រកបុគ្គលប្រៀបផ្ទឹមគ្មាន ទ្រង់មានព្យាយាមច្រើន ទ្រង់ត្រាស់ដឹង (នូវចតុរារិយសច្ច) ព្រះអង្គជាពូជពង្សនៃអាទិច្ចគោត្រ។ បពិត្រព្រះអង្គទ្រង់និទ៌ុក្ខ (ក្នុងកាលមុន) ខ្ញុំព្រះអង្គ ព្រមទាំងទេវតា បានធ្វើនូវការនមស្ការណា ចំពោះព្រហ្ម ក្នុងថ្ងៃនេះ ខ្ញុំព្រះអង្គ សូមថ្វាយនមស្ការនោះ ចំពោះព្រះអង្គវិញ ខ្ញុំព្រះអង្គ សូមធ្វើនូវការថ្វាយបង្គំចំពោះព្រះអង្គដោយខ្លួនឯង។ ព្រះអង្គជាព្រះសម្ពុទ្ធពិតមែន ព្រះអង្គជាសាស្តាប្រសើរ ក្នុងលោកនេះ ព្រមទាំងទេវលោក នឹងរកបុគ្គលណាមួយ មកប្រៀបផ្ទឹមនឹងព្រះអង្គ គ្មានឡើយ។
ID: 636816282561464130
ទៅកាន់ទំព័រ៖