ព្រះត្រៃបិដក ភាគ ១៧
ពិចារណាឃើញ នូវធម៌ ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ ដែលប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
[១១៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុ គប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជាគ្រឿងចង ដូចម្តេចមិញ។បេ។
[១២០] សរីរៈនៅសល់តែរាងឆ្អឹង ឥតមានសាច់ ប្រឡាក់ដោយឈាម មានសរសៃជាគ្រឿងចង។បេ។
ID: 636816289298769482
ទៅកាន់ទំព័រ៖