ព្រះត្រៃបិដក ភាគ ១៧
[១៣២] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសភាវៈរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ គឺកំណើត ដែលកើតជាដំបូង ក៏ជាទុក្ខ ជរា គឺសេចក្តីចាស់គ្រាំគ្រា ក៏ជាទុក្ខ មរណៈ គឺសេចក្តីស្លាប់ ក៏ជាទុក្ខ សោកៈ គឺសេចក្តីស្តាយស្រណោះ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តីលំបាកកាយ ទោមនស្ស គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារទាំងឡាយ ដែលមិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តីព្រាត់ប្រាស ចាកសត្វ និងសង្ខារទាំងឡាយ
ID: 636816306873494699
ទៅកាន់ទំព័រ៖