ព្រះត្រៃបិដក ភាគ ១៧
[១៤៩] ព្រះកស្សបដ៏ចំរើន និយាយយ៉ាងនេះ ក៏គួរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន។បេ។ ផលវិបាក មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយមានទៀតឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមាន។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្តអាក្រក់ យកមកបង្ហាញខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះ ជាចោរប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យ ដាក់អាជ្ញាណាដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះមក ខ្ញុំក៏និយាយទៅនឹងរាជបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ចាប់បុរសនេះទាំងរស់ បោះទៅក្នុងខ្ទះ ហើយគ្របមាត់ខ្ទះ យកស្បែកស្រស់ពាសដាស រួចយកដីស្អិតសើម មកបូកឲ្យក្រាស់ ហើយលើកដាក់លើចង្ក្រាន រួចដុតភ្លើង ឯរាជបុរសទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយក៏ចាប់បុរសនោះទាំងរស់ បោះទៅក្នុងខ្ទះ គ្របមាត់ខ្ទះ យកស្បែកស្រស់មកពាសដាស រួចយកដីស្អិតសើម មកបូកឲ្យក្រាស់ រួចដាក់លើចង្ក្រាន ហើយដុតភ្លើង។
ID: 636816322725551385
ទៅកាន់ទំព័រ៖