ព្រះត្រៃបិដក ភាគ ១៧
ជាអ្នកបម្រើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនោះដែរ ម្នាលអានន្ទ ស្រាប់តែមានយក្ស មានខ្លួនកំបាំងបាត់ មកស្រែកបន្លឺសំឡេងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ ជនវសភៈ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ជនវសភៈ ម្នាលអានន្ទ ក្នុងកាលមុន អំពីកាលនេះ អ្នកធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលមុន អំពីកាលនេះ ខ្ញុំព្រះអង្គ មិនធ្លាប់បានឮឈ្មោះថា ជនវសភៈ យ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន រោមរបស់ខ្ញុំព្រះអង្គ ក៏ព្រឺព្រួចឡើង ព្រោះបានឮឈ្មោះថា ជនវសភៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ដូច្នេះថា យក្សនោះ មិនមែនជាយក្សថោកថយឡើយ មានឈ្មោះថា ជនវសភៈ មានសភាពយ៉ាងនេះ ជាឈ្មោះដែលគេបញ្ញត្តហើយដោយល្អ។ ម្នាលអានន្ទ សូរសព្ទសំឡេង កើតប្រាកដហើយក្នុងចន្លោះ យក្សមានសម្បុរដ៏លើសលុប មកប្រាកដក្នុងទីចំពោះមុខតថាគត ស្រែកបន្លឺនូវសំឡេងជាគំរប់ពីរដងថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឈ្មោះ ពិម្ពិសារ បពិត្រព្រះសុគត ខ្ញុំព្រះអង្គឈ្មោះ ពិម្ពិសារ
ID: 636816181874935190
ទៅកាន់ទំព័រ៖