ព្រះត្រៃបិដក ភាគ ១៨
ម្នាលនិគ្រោធ អ្នកសំគាល់សេចក្តីនោះដូចម្តេច កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធហើយ ឬមិនទាន់បរិសុទ្ធទេ។ និគ្រោធបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលបើដូច្នេះ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេស ឈ្មោះថា បរិសុទ្ធដោយពិត មិនមែនមិនបរិសុទ្ធទេ ទាំងដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង។ ម្នាលនិគ្រោធ ការខ្ពើមបាប ដោយសេចក្តីព្យាយាម ជាគ្រឿងដុតកិលេសទាំងប៉ុណ្ណេះ ទើបឈ្មោះថា ដល់កំពូលធម៌ផង ដល់ខ្លឹមធម៌ផង។ ម្នាលនិគ្រោធ អ្នកបាននិយាយ នឹងតថាគតថា ព្រះមានព្រះភាគ ទ្រង់ទូន្មានពួកសាវ័ក ដោយធម៌ណា ពួកសាវ័កដែលព្រះអង្គទ្រង់ទូន្មាន ដោយធម៌ណាហើយ ដល់នូវសេចក្តីគាប់ចិត្ត បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យដ៏ឧត្តម ធម៌របស់ព្រះមានព្រះភាគនោះ តើឈ្មោះដូចម្តេច។ ម្នាលនិគ្រោធ តថាគតទូន្មានពួកសាវ័ក ដោយពាក្យប្រៀនប្រដៅណា ពួកសាវ័កដែលតថាគតបានទូន្មាន ដោយពាក្យប្រៀនប្រដៅណា ដល់នូវសេចក្តីត្រេកអរ បានបំពេញអរិយមគ្គ ជាព្រហ្មចរិយធម៌ដើម ដែលឲ្យកើតនិស្ស័យដ៏ឧត្តម ហេតុ (របស់ពាក្យប្រៀនប្រដៅនោះ) ឧត្តមជាង វិសេសជាង ដូច្នេះឯង។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ
ID: 636817169077299936
ទៅកាន់ទំព័រ៖