ព្រះត្រៃបិដក ភាគ ១៨
ស្តាប់ព្រះរាជឱង្ការនៃព្រះបាទទល្ហនេមិថា ព្រះករុណាថ្លៃវិសេស។ ម្នាលភិក្ខុទាំងឡាយ លុះកាលកន្លងទៅ បានច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ បុរសនោះ បានឃើញចក្ករ័តន៍ជាទិព្វ ឃ្លាតច្យុតចាកទី ក៏ចូលទៅគាល់ព្រះបាទទល្ហនេមិ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះបាទទល្ហនេមិដូច្នេះថា សូមព្រះរាជតេជះដម្កល់លើត្បូង បពិត្រព្រះសម្មតិទេព សូមទ្រង់ជ្រាប (ដ្បិត) ចក្ករ័តន៍ជាទិព្វ របស់ព្រះអង្គ ឃ្លាតច្យុតចាកទីហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ព្រះបាទទល្ហនេមិ ទ្រង់ហៅព្រះរាជកុមារ ជាបុត្រច្បងមកហើយ ទ្រង់ត្រាស់ដូច្នេះថា ម្នាលកុមារមាសឪពុក ឮថា ចក្ករ័តន៍ជាទិព្វរបស់យើង ឃ្លាតច្យុតចាកទីហើយ សេចក្តីនេះ ឪពុកធ្លាប់ឮថា (បើ) ចក្ករ័តន៍ជាទិព្វរបស់ស្តេចចក្រពត្តិអង្គណា ឃ្លាតច្យុតចាកទីហើយ តពីនោះមក ស្តេចអង្គនោះ មិនរស់នៅបានយូរឡើយ ឯកាមជារបស់មនុស្ស ឪពុកបានបរិភោគ (ឆ្អែតស្កប់ស្កល់ហើយ) សម័យនេះ ជាសម័យដែលឪពុកគួរស្វែងរកកាម ជាទិព្វវិញ ម្នាលកុមារមាសឪពុក ចូរអ្នកគ្រប់គ្រងផែនដី ដែលមានសមុទ្រ ជាព្រំប្រទល់នេះចុះ ឯឪពុក និងកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់កាសាវពស្ត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។
ID: 636817173007264717
ទៅកាន់ទំព័រ៖