ព្រះត្រៃបិដក ភាគ ១៨
កើត ស្តេចទាំងនោះ ក៏ចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចចូលមកចុះ បពិត្រមហារាជ ព្រះអង្គមានព្រះរាជដំណើរមកស្រួលហើយ បពិត្រមហារាជ ដែនរបស់ខ្ញុំព្រះអង្គ ជាដែនរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ មានព្រះបន្ទូល (ប្រដៅ) យ៉ាងនេះថា អ្នកទាំងឡាយមិនត្រូវសម្លាប់សត្វ មិនត្រូវលួចទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ ចូរបរិភោគតែរបស់ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចជាសឹកសត្រូវទាំងឡាយណា ដែលនៅក្នុងទិសខាងកើត ស្តេចទាំងនោះ ក៏ទៅជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករ័តន៍នោះ ក៏ចុះកាន់សមុទ្រ ក្នុងទិសខាងកើត រួចឆ្លងឡើងចុះទៅកាន់សមុទ្រ ក្នុងទិសខាងត្បូង រួចឆ្លងឡើងអណ្តែតត្រសែត ទៅកាន់ទិសខាងលិច។ ព្រះបាទចក្រពត្តិ ក៏ស្តេចទៅតាម (ចក្ករ័តន៍នោះ) ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ក៏ស្តេចចូលទៅកាន់ទីសម្រាក ក្នុងប្រទេសនោះ ព្រមដោយចតុរង្គសេនា។
ID: 636817174558353434
ទៅកាន់ទំព័រ៖