ព្រះត្រៃបិដក ភាគ ១៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ស្តេច​ ​ជា​សឹកសត្រូវ​ទាំងឡាយ​ណា​ ​ដែល​នៅក្នុង​ទិសខាងលិច​ ​ស្តេច​ទាំងនោះ​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះបាទ​ចក្រពត្តិ​ ​ហើយ​ក្រាបបង្គំទូល​ ​យ៉ាងនេះ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ស្តេច​ចូល​មក​ចុះ​ ​បពិត្រមហារាជ​ ​ព្រះអង្គ​មាន​ព្រះរាជ​ដំណើរ​មក​ស្រួល​ហើយ​ ​បពិត្រមហារាជ​ ​ដែន​របស់ខ្ញុំ​ព្រះអង្គ​ ​ជា​ដែន​របស់​ព្រះអង្គ​ហើយ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ ​ទ្រង់​ប្រៀនប្រដៅ​ចុះ​។​ ​ព្រះបាទ​ចក្រពត្តិ​ ​ទ្រង់​មាន​ព្រះរាជឱង្ការ​ ​(​ប្រដៅ​)​ ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​មិន​ត្រូវ​សម្លាប់សត្វ​ ​មិន​ត្រូវ​លួច​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​មិន​ត្រូវ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​មិន​ត្រូវ​ពោល​ពាក្យ​មុសាវាទ​ ​មិន​ត្រូវ​ផឹកទឹក​ស្រវឹង​ឡើយ​ ​ចូរ​បរិភោគ​តែ​របស់​ ​ដែល​គួរ​បរិភោគ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​ស្តេច​ជា​សឹកសត្រូវ​ទាំងឡាយ​ណា​ ​ដែល​នៅក្នុង​ទិសខាងលិច​ ​ស្តេច​ទាំងនោះ​ ​ក៏​ទៅជា​ចុះចូល​ព្រះបាទ​ចក្រពត្តិ​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ចក្ករ័តន៍​នោះ​ ​ក៏​ចុះ​កាន់​សមុទ្រ​ ​ក្នុង​ទិសខាងលិច​ ​ឆ្លង​ឡើង​អណ្តែត​ត្រសែត​ ​ទៅកាន់​ទិសខាងជើង​។​ ​ព្រះបាទ​ចក្រពត្តិ​ ​ក៏​ស្តេច​ទៅតាម​(​ចក្ករ័តន៍​នោះ​)​ ​ព្រមដោយ​ចតុរង្គសេនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ចក្ករ័តន៍​ទៅ​ប្រតិស្ឋាន​ ​ក្នុង​ប្រទេស​ណា​ ​ព្រះបាទ​ចក្រពត្តិ​ ​ក៏​ស្តេច​ចូល​ទៅកាន់​ទី​សម្រាក​ ​ក្នុង​ប្រទេស​នោះ​ ​ព្រមដោយ​ចតុរង្គសេនា​។​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636817174789716667
ទៅកាន់ទំព័រ៖