ព្រះត្រៃបិដក ភាគ ១៨

ក៏បាន​ព្យាករ​ថ្វាយ​។​ ​លុះ​ព្រះរាជា​ ​ទ្រង់ព្រះ​សវនាការ​ពាក្យ​ព្យាករណ៍​ ​របស់​ជន​ទាំងនោះ​ហើយ​ ​ទើប​ទ្រង់​ចាត់ចែង​នូវ​ការ​រក្សា​ ​ទប់ទល់​គ្រប់គ្រង​ ​ប្រកបដោយ​ធម៌​វិញ​ ​តែ​ទ្រង់​មិនបាន​ព្រះរាជទាន​ព្រះរាជទ្រព្យ​ ​ដល់​ពួក​អ្នក​ខ្សត់​ទ្រព្យ​ឡើយ​។​ ​កាលបើ​ព្រះរាជទ្រព្យ​ ​ដែល​ទ្រង់​មិនបាន​ព្រះរាជទាន​ដល់​ពួក​អ្នក​ខ្សត់​ទ្រព្យ​ ​សេចក្តី​ទ័លក្រ​ ​ក៏​មាន​ច្រើនឡើង​។​ ​កាលបើ​សេចក្តី​ទ័លក្រ​ ​មាន​ច្រើនឡើង​ហើយ​ ​មាន​បុរស​ម្នាក់​កាន់​យក​ទ្រព្យ​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​ ​លួច​។​ ​ពួក​រាជបុរស​ ​ចាប់​បុរស​នោះ​បាន​ ​នាំ​យក​ទៅ​ថ្វាយព្រះ​រាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ ​ហើយ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នេះ​ ​កាន់​យក​ទ្រព្យ​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​លួច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួក​រាជបុរស​ ​ក្រាបបង្គំទូល​យ៉ាងនេះ​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ទ្រង់​ត្រាស់​សួរ​បុរស​នោះ​ ​ដូច្នេះ​ថា​ ​នែ​បុរស​ ​អ្នកឯង​កាន់​យក​ទ្រព្យ​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​លួច​ ​ពិតមែន​ឬ​។​ ​បុរស​នោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពិតមែន​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636817176356046256
ទៅកាន់ទំព័រ៖