ព្រះត្រៃបិដក ភាគ ១៨

ព្រះរាជា​ទ្រង់​ត្រាស់​សួរ​ថា​ ​ព្រោះ​ហេតុអ្វី​ ​(​បាន​ជា​អ្នក​លួច​ទ្រព្យ​គេ​)​។​ ​បុរស​នោះ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​(​របស់​អ្វី​)​ ​នឹង​ចិញ្ចឹមជីវិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក៏​ទ្រង់ព្រះ​រាជទាន​ព្រះរាជទ្រព្យ​ ​ដល់​បុរស​នោះ​ ​រួច​ទ្រង់​ត្រាស់​បង្គាប់​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​យក​ទ្រព្យ​នេះ​ ​ទៅ​ចិញ្ចឹមជីវិត​ខ្លួន​ផង​ ​ចិញ្ចឹម​មាតាបិតា​ផង​ ​ចិញ្ចឹមបុត្រភរិយា​ផង​ ​ប្រកបការងារ​ផង​ ​ចូរ​តម្កល់​ទក្ខិណាទាន​ ​ដែល​មានផល​ខ្ពង់ខ្ពស់​ ​ចំពោះ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ជា​ទាន​អាច​នាំ​សត្វ​ឲ្យ​កើត​ ​ក្នុង​ឋានសួគ៌​ ​មានផល​ជា​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​កើត​ក្នុង​ឋានសួគ៌​ផង​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​ក៏​ទទួល​ព្រះរាជឱង្ការ​ ​នៃ​ព្រះរាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​បុរស​ម្នាក់ទៀត​ ​កាន់​យក​ទ្រព្យ​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែលគេ​ហៅថា​ ​លួច​។​ ​ពួក​រាជបុរស​ ​ចាប់​បុរស​នោះ​បាន​ ​ក៏​នាំ​យក​ទៅ​ថ្វាយព្រះ​រាជា​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​បុរស​នេះ​ ​កាន់​យក​ទ្រព្យ​ ​របស់​ជន​ទាំងឡាយ​ដទៃ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​ហៅថា​លួច​។​
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 636817176593009810
ទៅកាន់ទំព័រ៖