ព្រះត្រៃបិដក ភាគ ១៨
ព្រះរាជាទ្រង់ព្រះរាជទាន នូវព្រះរាជទ្រព្យ ដល់ពួកមនុស្ស ដែលកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ លុះមនុស្សទាំងនោះបានឮហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែពួកយើងនាំគ្នាទៅកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច (កុំខាន)។
[៤០] ម្នាលភិក្ខុទាំងឡាយ លុះគ្រាជាខាងក្រោយមក មានបុរសម្នាក់កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថា លួច។ ពួករាជបុរស ចាប់បុរសនោះបាន ក៏នាំយកទៅថ្វាយព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព បុរសនេះឯង កាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច។ ម្នាលភិក្ខុទាំងឡាយ កាលបើពួករាជបុរស ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកឯងកាន់យកទ្រព្យ របស់ជនទាំងឡាយដទៃ ដែលគេមិនបានឲ្យ ដែលហៅថាលួច ពិតមែនឬ។ បុរសនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ពិតមែន។
ID: 636817177096028581
ទៅកាន់ទំព័រ៖