ព្រះត្រៃបិដក ភាគ ១៨
ធម៌ទាំងពីរប្រការ គឺផរុសវាចា១ សម្ផប្បលាបៈ១ ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម៥ពាន់ឆ្នាំ កាលបើ ធម៌ទាំងពីរប្រការ មានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះ ក៏ថយចុះ កាលសត្វទាំងនោះ ថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់ពួកមនុស្ស ដែលមានអាយុ៥ពាន់ឆ្នាំ ពួកខ្លះក៏ថយមក មានអាយុត្រឹម២ពាន់៥រយឆ្នាំវិញ ពួកខ្លះ ក៏ថយមកមានអាយុត្រឹម២ពាន់ឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ អភិជ្ឈា និងព្យាបាទ ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម២ពាន់៥រយឆ្នាំ កាលអភិជ្ឈា និងព្យាបាទ មានច្រើនឡើងហើយ ទាំងអាយុ ទាំងពណ៌សម្បុរ របស់សត្វទាំងនោះក៏ថយចុះ កាលសត្វទាំងនោះថយទាំងអាយុ ថយទាំងពណ៌សម្បុរចុះហើយ កូនទាំងឡាយរបស់មនុស្ស ដែលមានអាយុ២ពាន់៥រយឆ្នាំ ក៏ថយមកមានអាយុត្រឹម១ពាន់ឆ្នាំវិញ ម្នាលភិក្ខុទាំងឡាយ មិច្ឆាទិដ្ឋិ ក៏មានច្រើនឡើង ក្នុងពួកមនុស្ស ដែលមានអាយុត្រឹម១ពាន់ឆ្នាំ
ID: 636817179020798671
ទៅកាន់ទំព័រ៖