ព្រះត្រៃបិដក ភាគ ១៨
ពាក្យរបស់ព្រះសមណគោតម ត្រឡប់ទៅជាពាក្យខុសវិញយ៉ាងណា (អ្នកគប្បីធ្វើយ៉ាងនោះ)។ ម្នាលភគ្គវៈ គ្រានោះឯង សុនក្ខត្តលិច្ឆវិបុត្រ មិនជឿពាក្យតថាគត ហើយក៏រាប់តាំងអំពី១ថ្ងៃ ២ថ្ងៃ រហូតដល់៧យប់ ៧ថ្ងៃ។ ម្នាលភគ្គវៈ លំដាប់នោះឯង អចេលកោរខត្តិយៈ ក៏បានធ្វើមរណកាល ដោយអលសកព្យាធិ ក្នុងថ្ងៃទី៧ (នោះមែន) លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុងពួកអសុរឈ្មោះកាលកញ្ជិកៈ ជាអសុរកាយថោកទាបជាងគេទាំងអស់ ពួកមហាជន ក៏នាំគ្នាយកអចេល ដែលធ្វើមរណកាលហើយនោះ ទៅចោលក្នុងព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស។ ម្នាលភគ្គវៈ សុនក្ខត្តលិច្ឆវិបុត្រ បានឮដំណឹងថា អចេលកោរខត្តិយៈ បានធ្វើមរណកាល ដោយអលសកព្យាធិ ពួកមនុស្សបាននាំយកទៅចោលឯព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស។ ម្នាលភគ្គវៈ លំដាប់នោះឯង សុនក្ខត្តលិច្ឆវិបុត្រ ក៏ដើរចូលទៅរកអចេលកោរក្ខត្តិយៈ ក្នុងព្រៃស្មសាន ដែលមានដើមស្បូវរណ្តាស លុះចូលទៅដល់ហើយ ក៏យកដៃទះសាកសពអចេលកោរក្ខត្តិយៈ៣ដង
ID: 636817143678997236
ទៅកាន់ទំព័រ៖