ព្រះត្រៃបិដក ភាគ ១៨
ហើយ នឹងចំរើនអាយុផង ចំរើនពណ៌សម្បុរផង ចំរើនសេចក្តីសុខផង ចំរើនភោគៈផង ចំរើនកំឡាំងផង។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) អាយុរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ចំរើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ... ចិត្តសមាធិ និងបធានសង្ខារ... វីមំសាសមាធិ និងបធានសង្ខារ... ភិក្ខុនោះ បើមានបំណង (នឹងរស់នៅ) គប្បីឋិតនៅអស់១អាយុកប្ប ឬ១អាយុកប្បប្លាយ ព្រោះហេតុតែបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទទាំង៤នេះ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចំរើន) អាយុរបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) ពណ៌សម្បុរ របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ ដោយអាចារ និងគោចរៈ ជាអ្នកឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង (ជាហេតុឲ្យចំរើន) សម្បុររបស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ចុះអ្វី (ជាហេតុឲ្យចំរើន) សេចក្តីសុខ របស់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ
ID: 636817185149139192
ទៅកាន់ទំព័រ៖